២ ពង្សាវតារក្សត្រ 6:6-12 KHOV

6 អ្នក​សំណប់​របស់​ព្រះ​សួរ​ថា តើ​ធ្លាក់​ត្រង់​ណា អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​១​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក

7 នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​យក​ចុះ អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។

8 រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ

9 ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ

10 ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្តី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ

11 ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ

12 នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល