9 ដូច្នេះ អ្នកសំណប់របស់ព្រះ លោកចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទី១នោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ
10 ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្តីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ
11 ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ
12 នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល
13 រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។
14 ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចំបាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់
15 ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច