1 តែអេលីសេ លោកមានប្រសាសន៍ថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃតែ១រៀល និងម្សៅឱក២រង្វាល់ថ្លៃតែ១រៀលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី
2 ដូច្នេះ មេទ័ពដែលស្តេចទ្រង់ព្រយុងអង្គលើដៃលោក ក៏ឆ្លើយទៅអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន អេលីសេឆ្លើយតបថា ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ។
3 រីឯនៅមាត់ទ្វារទីក្រុង នោះមានមនុស្សឃ្លង់៤នាក់ គេនិយាយគ្នាទៅវិញទៅមកថា យើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី
4 បើសិនជាយើងសំរេចថា នឹងចូលទៅក្នុងទីក្រុង នោះទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ នោះគង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងឯពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់នៅ តែបើគេសំឡាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា
5 ដូច្នេះ គេក៏ក្រោកឡើងនៅពេលព្រលប់ទៅឯទីបោះទ័ពរបស់ពួកស៊ីរី តែកាលគេទៅដល់ជើងទីបោះទ័ពហើយ នោះមិនឃើញមានអ្នកណាសោះ
6 ពីព្រោះព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចំបាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ ក៏និយាយគ្នាថា មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត នឹងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ