២ ពង្សាវតារក្សត្រ 7:1-7 KHOV

1 តែ​អេលី‌សេ លោក​មាន​ប្រសាសន៍​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​តែ​១​រៀល និង​ម្សៅ​ឱក​២​រង្វាល់​ថ្លៃ​តែ​១​រៀល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី

2 ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​ទ្រង់​ព្រយុង​អង្គ​លើ​ដៃ​លោក ក៏​ឆ្លើយ​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន អេលី‌សេ​ឆ្លើយ​តប​ថា ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ។

3 រីឯ​នៅ​មាត់​ទ្វារ​ទី​ក្រុង នោះ​មាន​មនុស្ស​ឃ្លង់​៤​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី

4 បើ‌សិន​ជា​យើង​សំរេច​ថា នឹង​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ នោះ​គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ឯ​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់​នៅ តែ​បើ​គេ​សំឡាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា

5 ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព​ហើយ នោះ​មិន​ឃើញ​មាន​អ្នក​ណា​សោះ

6 ពី​ព្រោះ​ព្រះ‌អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចំបាំង និង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ ក៏​និយាយ​គ្នា​ថា មើល​ស្តេច​អ៊ីស្រា‌អែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ

7 ហេតុ​នោះ​គេ​ក៏​ក្រោក​ឡើង រត់​ទៅ​នៅ​ពេល​ព្រលប់​នោះ លះ​ចោល​ទាំង​ត្រសាល និង​សេះ ហើយ​លា​របស់​គេ ទុក​ទី​បោះ​ទ័ព​ឲ្យ​នៅ​ដូច​ដែល ក៏​រត់​យក​តែ​ជីវិត​ឲ្យ​រួច​ទៅ​ប៉ុណ្ណោះ