២ ពង្សាវតារក្សត្រ 7:14-20 KHOV

14 ដូច្នេះ គេ​ក៏​យក​រទេះ​ចំបាំង​២​ទឹម​ដោយ​សេះ ហើយ​ស្តេច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​តាម​ពល‌ទ័ព​ស៊ីរី ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​មើល​ចុះ

15 អ្នក​ទាំង​នោះ​ក៏​ទៅ​តាម​រហូត​ដល់​ទន្លេ​យ័រដាន់ ឃើញ​មាន​សុទ្ធ​តែ​អាវ និង​ភាជនៈ​ផ្សេងៗ ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​រាយ​រហូត​តាម​ផ្លូវ​ទៅ ដោយ​ខំ​រត់​ជា​ប្រញាប់ រួច​ពួក​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​ទូល​ទ្រង់​វិញ។

16 ឯ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ក៏​ចេញ​ទៅ​ចាប់​យក​របឹប​នៅ​ទី​បោះ​ទ័ព​នៃ​ពួក​ស៊ីរី ដូច្នេះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល និង​ម្សៅ​ឱក​២​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

17 ហើយ​ស្តេច​ទ្រង់​ដំរូវ​មេ‌ទ័ព​ម្នាក់ ដែល​ទ្រង់​បាន​ព្រយុង​លើ​ដៃ​លោក ឲ្យ​ចេញ​ទៅ​ត្រួត‌ត្រា​មើល​ការ​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង តែ​បណ្តា‌ជន គេ​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ ដូច​ជា​អ្នក​សំណប់​របស់​ព្រះ​បាន​ទាយ​ទុក ក្នុង​កាល​ដែល​ស្តេច​យាង​ចុះ​ទៅ​ឯ​លោក​នោះ

18 ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណប់​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា លុះ​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​២​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី

19 ឯ​មេ‌ទ័ព​ដែល​បាន​ឆ្លើយ​តប​នឹង​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន ហើយ​អេលី‌សេ​បាន​ឆ្លើយ​ថា មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ

20 នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្តា‌ជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។