២ ពង្សាវតារក្សត្រ 8:19-25 KHOV

19 ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​១​ភ្លឺ សំរាប់​ពួក​ជំនួរ​វង្ស​របស់​ទ្រង់​ត​ទៅ។

20 នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះ‌បោរ​ដោះ​ខ្លួន ពី​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​យូដា ហើយ​ក៏​តាំង​ស្តេច​១​អង្គ ឲ្យ​សោយ‌រាជ្យ​លើ​ខ្លួន​គេ

21 គ្រា​នោះ យ៉ូរ៉ាម​ទ្រង់​យាង​ទៅ​ឯ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង ក៏​លើក​គ្នា​ទាំង​យប់​ទៅ​វាយ​ពួក​អេដំម ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចំបាំង​ផង ហើយ​បណ្តា​ទ័ព​ទាំង‌ឡាយ ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ

22 ប៉ុន្តែ សាសន៍​អេដំម​គេ​បះ‌បោរ ដោះ​ខ្លួន​ពី​អំណាច​នៃ​ពួក​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​នោះ​ឯង ក្រុង​លិបណា​ក៏​បះ‌បោរ​ដែរ

23 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូរ៉ាម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

24 យ៉ូរ៉ាម​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

25 នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់​ស្តេច​អ៊ីស្រា‌អែល នោះ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង