20 នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដោះខ្លួន ពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ
21 គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចំបាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដំម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចំបាំងផង ហើយបណ្តាទ័ពទាំងឡាយ ក៏រត់ទៅឯទីលំនៅរបស់គេវិញ
22 ប៉ុន្តែ សាសន៍អេដំមគេបះបោរ ដោះខ្លួនពីអំណាចនៃពួកយូដា ដរាបដល់សព្វថ្ងៃនេះ នៅគ្រានោះឯង ក្រុងលិបណាក៏បះបោរដែរ
23 រីឯដំណើរឯទៀតពីយ៉ូរ៉ាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
24 យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
25 នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
26 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល