25 នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
26 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល
27 ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់
28 ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស
29 រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ាក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។