19 នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ
20 ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។
21 នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅជួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល
22 កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានព្រះបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្តីកំផិត និងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្តីមេត្រីឯណាបាន
23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយព្រះបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ
24 យេហ៊ូវក៏យឹតធ្នូពេញកំឡាំង បាញ់ទៅត្រូវទីកណ្តាលខ្នងយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះ នៅក្នុងព្រះរាជរថ
25 នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់ របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនេះចំលើរូបវាថា