26 ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
27 កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសំឡាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ
28 ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
29 ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១ នៃរាជ្យយ៉ូរ៉ាមជាបុត្រអ័ហាប់។
30 កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
31 កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្តីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ
32 នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក