23 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថាសេចក្តីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់
24 ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន
25 ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ
26 តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ។
27 នោះក៏មកដល់ក្រុងយេរូសាឡិមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ គេមកឯទ្រង់
28 ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ
29 តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ