1 នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ
2 ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង»
3 «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»។
4 ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប
5 ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា និងពួកក្រុងយេរូសាឡិម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបគ្រប់គ្នា
6 យ៉ូហានមានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ
7 គាត់ប្រកាសថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង
8 ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ។
9 នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ
10 កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក និងព្រះវិញ្ញាណ ចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប
11 រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់
12 ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ឲ្យយាងទៅឯទីរហោស្ថាន
13 ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។
14 គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា
15 ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។
16 កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន និងអនទ្រេ ជាប្អូនកំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី
17 ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ
18 គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ
19 លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន
20 ហើយទ្រង់មានព្រះបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។
21 នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក
22 គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្តីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ
23 រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចចូល វាស្រែកឡើងថា
24 ហ៊ឹះ តើយើង និងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
25 ព្រះយេស៊ូវ ទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ
26 កាលអារក្សអសោចបានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ
27 អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្តីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ
28 នោះព្រះនាមទ្រង់ក៏ឮល្បីខ្ចរខ្ចាយជា១រំពេចទួទៅ ពេញក្នុងក្រវល់ជុំវិញនៃស្រុកកាលីឡេ។
29 កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ
30 ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង
31 លុះទ្រង់យាងចេញទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយ បំរើទាំងអស់គ្នា
32 ដល់ពេលល្ងាច ជាពេលថ្ងៃលិចហើយ គេនាំអស់ទាំងមនុស្សជំងឺ និងមនុស្សមានអារក្សចូល មកឯទ្រង់
33 ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ
34 ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជា និងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។
35 កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
36 ឯស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ គេក៏ដើរតាមរកទ្រង់
37 គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់
38 តែទ្រង់មានព្រះបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក
39 ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេ ព្រមទាំងដេញអារក្សផង។
40 គ្រានោះ មានមនុស្សឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
41 ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ
42 លុះទ្រង់មានព្រះបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត
43 ទ្រង់ក៏ឲ្យគាត់ទៅភ្លាម ដោយហាមផ្តាច់ថា
44 ចូរប្រយ័ត្ន កុំប្រាប់អ្វីដល់អ្នកឯណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយយញ្ញបូជា ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ
45 ប៉ុន្តែ ដល់គាត់បានចេញទៅហើយ នោះក៏តាំងប្រកាសប្រាប់គេឯងរាល់គ្នាតែម្តង ហើយផ្សាយដំណឹងនោះសុសសាយទួទៅ ដល់ម៉្លេះបានជាទ្រង់យាងចូលទៅក្នុងក្រុង បែបឲ្យគេឃើញពុំបានទៀត គឺទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ ហើយគេក៏មកឯទ្រង់ពីគ្រប់ទិសទី។