ម៉ាកុស 5 KHOV

ព្រះ‌យេស៊ូវ​ដេញ​អារក្ស‌អសោច​ចេញ​ពី​មនុស្ស​ម្នាក់

1 នោះ​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង

2 កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស‌អសោច​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់

3 វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង

4 ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ

5 វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច

6 កាល​វា​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់

7 ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូល‌បង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូល‌បង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ទេ

8 វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ថា ម្នាល អារក្ស‌អសោច ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ

9 រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ឈ្មោះ «កង‌ទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន

10 នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ

11 រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ

12 ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ

13 នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស‌អសោច​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

14 ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង

15 គេ​មក​ឯ​ព្រះ‌យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក‌ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច

16 ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង

17 នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ

18 កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់

19 តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ

20 គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

ព្រះ‌យេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ

21 កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ជិះ​ទូក ឆ្លង​ដល់​ត្រើយ​ម្ខាង​វិញ​ហើយ ក៏​មាន​ហ្វូង​មនុស្ស​យ៉ាង​ធំ​ប្រជុំ​គ្នា​ឯ​ទ្រង់ ហើយ​ទ្រង់​គង់​នៅ​ទី​មាត់​សមុទ្រ

22 នោះ​មាន​មេ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃរ៉ុស មក​ដល់​ឃើញ​ទ្រង់ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

23 គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូល‌បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា ឲ្យ​បាន​ជា នោះ​វា​នឹង​រស់​វិញ

24 ទ្រង់​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទៅ ទាំង​ប្រជ្រៀត​ទ្រង់។

25 នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ

26 នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ

27 នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់

28 ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

29 ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណៈ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្តី​វេទនា​នោះ​ហើយ

30 នោះ​ស្រាប់​តែ​ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះ‌អង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ

31 ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ

32 ទ្រង់​ងាក​ទត​ទី​ជុំ‌វិញ និង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ

33 ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់

34 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្តី​វេទនា​របស់​នាង​ទៅ។

35 កំពុង​ដែល​ទ្រង់​នៅ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​ថា កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត

36 កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​គេ​ប្រាប់ ស្រាប់​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មេ​សាលា​ប្រជុំ​ថា កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ

37 ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ

38 លុះ​ដល់​ផ្ទះ​មេ​សាលា​ប្រជុំ ក៏​ឃើញ​មនុស្ស​កំពុង​តែ​យំ​ស្រែក កើត​វឹកវរ​ជា​ខ្លាំង

39 ទ្រង់​ក៏​យាង​ចូល​ទៅ មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ

40 គេ​ក៏​សើច​ឡក​ឲ្យ​ទ្រង់ តែ​ទ្រង់​ដេញ​គេ​ទៅ​ក្រៅ​អស់ ទុក​តែ​ឪពុក​ម្តាយ​នៃ​កូន​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នាំ​គ្នា​ចូល​ទៅ​ឯ​ដំណេក​វា

41 រួច​ទ្រង់​ចាប់​ដៃ​វា​មាន​ព្រះ‌បន្ទូល​ថា «តាលី‌ថាគូមី» ស្រាយ​ថា កូន​ស្រី​អើយ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង

42 ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា​គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃលែង

43 តែ​ទ្រង់​ហាម​គេ​ផ្តាច់ មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ រួច​ប្រាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16