កិច្ចការ 1:8-14 KCB

8 ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​អំណាច​ នៅ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​ និង​ស្រុក​យូដា​ទាំង​មូល​ និង​ស្រុក​សាម៉ារី​ រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។​

9 កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​

10 ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​

11 ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​

12 បន្ទាប់មក​ ពួកគេ​ក៏​ត្រលប់​ពី​ភ្នំ​ដើម​អូលីវ​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូសាឡិម​ គឺ​មាន​ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​សប្ប័ទ។​

13 ពេល​ចូល​ដល់​ក្នុង​ក្រុង​ហើយ​ ពួកគេ​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​លើ​ ជា​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ។​ ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ លោក​អនទ្រេ​ លោក​ភីលីព​ លោក​ថូម៉ាស​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​យ៉ាកុប​ ត្រូវ​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​ និង​លោក​យូដាស​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។​

14 ពួក​អ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវ​ជា​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូនៗ​របស់​ព្រះអង្គ​ ព្រម​ទាំង​ស្ដ្រី​ឯ​ទៀតៗ​ដែរ។​