1 ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ដូច្នេះលោកប៉ូលក៏និយាយការពារខ្លួន ទាំងលើកដៃថា៖
2 «ឱស្ដេចអ័គ្រីប៉ាអើយ! ខ្ញុំយល់ឃើញថា ខ្ញុំសំណាងណាស់ថ្ងៃនេះ ដែលខ្ញុំកំពុងត្រៀមឆ្លើយការពារខ្លួននៅចំពោះមុខព្រះអង្គអំពីសេចក្ដីទាំងឡាយ ដែលពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំ
3 ជាពិសេស ព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់ និងទំនាស់ទាំងឡាយក្នុងចំណោមពួកជនជាតិយូដា ដូច្នេះហើយ សូមព្រះអង្គស្ដាប់ខ្ញុំដោយអនុគ្រោះផង
4 គឺយ៉ាងដូច្នេះ ជនជាតិយូដាទាំងអស់បានដឹងអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីជំទង់មកម៉្លេះ គឺតាំងពីដំបូងដែលខ្ញុំបានរស់នៅក្នុងចំណោមជនជាតិរបស់ខ្ញុំ នៅក្រុងយេរូសាឡិម
5 ហើយដោយព្រោះពួកគេបានស្គាល់ខ្ញុំតាំងពីដើមមក ពួកគេធ្វើបន្ទាល់បាន បើពួកគេចង់ធ្វើ គឺថាខ្ញុំបានរស់នៅស្របទៅតាមគណៈដ៏តឹងរ៉ឹងបំផុតក្នុងសាសនារបស់យើង គឺខាងគណៈផារិស៊ី
6 ប៉ុន្ដែពេលនេះ ខ្ញុំឈរទទួលការជំនុំជម្រះ ដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើង។
7 ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ
8 ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
9 ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត
10 ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង
11 ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។
12 ដូច្នេះហើយខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាច និងការអនុញ្ញាតពីពួកសម្ដេចសង្ឃ
13 ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ
14 ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយ និយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
15 ខ្ញុំក៏សួរថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថា យើងជាយេស៊ូដែលអ្នកកំពុងបៀតបៀន
16 ប៉ុន្ដែចូរក្រោកឈរឡើង ដ្បិតយើងបានបង្ហាញខ្លួនឲ្យអ្នកឃើញនេះ ដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីហេតុការណ៍ដែលអ្នកបានឃើញយើង ព្រមទាំងហេតុការណ៍ដែលយើងនឹងបង្ហាញដល់អ្នក
17 យើងនឹងរំដោះអ្នកពីប្រជារាស្ដ្រនេះ ព្រមទាំងពីសាសន៍ដទៃ ដែលយើងកំពុងចាត់អ្នកឲ្យទៅ
18 បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។
19 ឱស្ដេចអ័គ្រីប៉ាអើយ! តាំងពីនោះមក ខ្ញុំមិនល្មើសនឹងសុបិននិមិត្ដពីស្ថានសួគ៌នេះទេ
20 គឺមុនដំបូង ខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់ និងពួកអ្នកក្រុងយេរូសាឡិមដែរ ព្រមទាំងក្នុងស្រុកយូដាទាំងមូល និងដល់សាសន៍ដទៃ ដើម្បីឲ្យពួកគេប្រែចិត្ដបែរមកឯព្រះជាម្ចាស់ ទាំងប្រព្រឹត្ដអំពើដែលស័ក្ដិសមនឹងការប្រែចិត្ដ។
21 ដោយព្រោះសេចក្ដីទាំងនេះហើយបានជាជនជាតិយូដាចាប់ខ្ញុំ នៅពេលខ្ញុំនៅក្នុងព្រះវិហារ ទាំងព្យាយាមសម្លាប់ខ្ញុំ
22 ប៉ុន្ដែដោយមានជំនួយពីព្រះជាម្ចាស់ ទើបខ្ញុំបានឈរធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូចទាំងអ្នកធំរហូតដល់ថ្ងៃនេះ ហើយខ្ញុំមិនដែលនិយាយអ្វីឡើយ ក្រៅពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូល និងលោកម៉ូសេបានថ្លែងទុកថានឹងកើតឡើង
23 គឺព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយដោយសារការរស់ពីការសោយទិវង្គតឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់ប្រជារាស្ដ្រនេះ ព្រមទាំងសាសន៍ដទៃអំពីពន្លឺនោះ»។
24 កាលលោកប៉ូលកំពុងនិយាយដើម្បីការពារខ្លួនពីសេចក្ដីទាំងនេះ លោកភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ «ប៉ូលអើយ! ឯងឆ្កួតហើយ ឯងរៀនច្រើនពេកបានជាឆ្កួតដូច្នេះ!»
25 ប៉ុន្ដែលោកប៉ូលឆ្លើយថា៖ «លោកភេស្ទុសជាទីគោរពអើយ! ខ្ញុំមិនឆ្កួតទេ ដ្បិតពាក្យដែលខ្ញុំកំពុងនិយាយពិត ហើយត្រឹមត្រូវ
26 ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយ បានជាខ្ញុំទូលដល់ព្រះអង្គ គឺទូលដោយក្លាហានទៀតផង ហើយខ្ញុំជឿថា គ្មានហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយ ព្រោះហេតុការណ៍នេះមិនបានកើតឡើងនៅកន្លៀតណាទេ
27 ឱស្ដេចអ័គ្រីប៉ាអើយ! តើព្រះអង្គជឿអ្នកនាំព្រះបន្ទូលដែរឬទេ? ខ្ញុំដឹងថាព្រះអង្គជឿ»
28 ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «ឯងកំពុងបញ្ចុះបញ្ចូលយើងឲ្យត្រលប់ជាគ្រិស្ដបរិស័ទក្នុងពេលតែមួយភ្លែតឬ!»
29 លោកប៉ូលក៏ទូលថា៖ «ទោះបីក្នុងពេលតែមួយភ្លែត ឬក្នុងពេលយូរក៏ដោយ ក៏ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ មិនមែនត្រឹមតែសម្រាប់ព្រះរាជាប៉ុណ្ណោះទេ គឺសម្រាប់អ្នកទាំងអស់ដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះដែរ ដើម្បីឲ្យបានដូចជាខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់ទាំងនេះ»។
30 ពេលនោះ ទាំងស្ដេច ទាំងព្រះនាងបេរេនីស និងលោកអភិបាល ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេបានក្រោកឡើង
31 ហើយចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីសមនឹងស្លាប់ ឬការជាប់ច្រវាក់ឡើយ»។
32 ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «បើបុរសនេះមិនបានប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជទេ យើងអាចដោះលែងបាន»។