1 មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាស ជានាយទាហាននៃកងវរសេនាតូចដែលហៅថា ពលអ៊ីតាលី
2 គាត់ និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់ គាត់ដាក់ទានជាច្រើនដល់ប្រជាជន និងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។
3 ថ្ងៃមួយ ប្រហែលម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់ និយាយថា៖ «កូនេលាសអើយ!»
4 គាត់បានសម្លឹងមើលទៅទេវតានោះ ទាំងភ័យខ្លាច ហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាន និងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្ដីរំលឹកនៅចំពោះព្រះជាម្ចាស់ហើយ។
5 ដូច្នេះ ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសឲ្យមក
6 ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ [គាត់នឹងប្រាប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។
7 កាលទេវតាដែលបាននិយាយមកលោកកូនេលាសចេញផុតទៅ គាត់ក៏ហៅបាវបម្រើពីរនាក់ និងទាហានម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ពីក្នុងចំណោមពួកអ្នកចាំបម្រើគាត់ឲ្យមក។
8 ក្រោយពីបានប្រាប់ពួកគេអំពីហេតុការណ៍ទាំងឡាយរួចហើយ គាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។
9 នៅថ្ងៃបន្ទាប់ នៅពេលអ្នកទាំងនោះកំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះ លោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន នៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។
10 គាត់ក៏ឃ្លាន ហើយចង់បរិភោគណាស់ ប៉ុន្ដែពេលពួកគេកំពុងរៀបចំអាហារ គាត់ក៏លង់នៅក្នុងសុបិននិមិត្ដ
11 ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។
12 នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។
13 ពេលនោះ មានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!»
14 ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ»
15 សំឡេងនោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ»
16 ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។
17 ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ
18 ដោយស្រែកសួរថា តើលោកស៊ីម៉ូនដែលហៅថា ពេត្រុសនៅទីនេះដែរឬទេ។
19 ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដ នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក
20 ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។
21 លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?»
22 ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។
23 ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។
24 នៅថ្ងៃបន្ទាប់ ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ បានរង់ចាំពួកគេដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។
25 ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
26 ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើង ទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ»
27 រួចគាត់ក៏ចូលទៅក្នុងបណ្ដើរនិយាយជាមួយលោកកូនេលាសបណ្ដើរ ហើយក៏ឃើញមនុស្សជាច្រើនបានជួបជុំគ្នាជាស្រេច។
28 ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។
29 ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?»
30 លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ
31 ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ
32 ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។
33 ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
34 លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ
35 គឺនៅក្នុងចំណោមជនជាតិទាំងអស់ អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គទទួលយកអ្នកនោះ។
36 អ្នករាល់គ្នាដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់កូនចៅអ៊ីស្រាអែល បានប្រកាសប្រាប់អំពីដំណឹងល្អនៃសេចក្ដីសុខសាន្ដតាមរយៈព្រះយេស៊ូគ្រិស្ដ ដែលជាព្រះអម្ចាស់លើទាំងអស់
37 គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក
38 គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
39 រីឯយើង គឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយដែលព្រះយេស៊ូបានធ្វើទាំងនៅក្នុងស្រុករបស់ជនជាតិយូដា និងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។
40 ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបី ព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ
41 មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ គឺសម្រាប់តែពួកសាក្សី ដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនប៉ុណ្ណោះ នោះគឺយើងនេះហើយដែលបានបរិភោគ និងបានផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
42 ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់
43 អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។
44 ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល
45 ដូច្នេះ អ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែកដែលមកជាមួយលោកពេត្រុសបានស្ញប់ស្ញែងជាខ្លាំង ព្រោះព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ
46 ដ្បិតពួកគេបានឮអ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ទាំងលើកតម្កើងព្រះជាម្ចាស់។ នោះលោកពេត្រុសនិយាយថា៖
47 «តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
48 ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។