22 ដំណឹងអំពីអ្នកទាំងនោះបានឮដល់ត្រចៀករបស់ក្រុមជំនុំនៅក្រុងយេរូសាឡិម ដូច្នេះពួកគេក៏ចាត់លោកបារណាបាសឲ្យចេញទៅក្រុងអាន់ទីយ៉ូក។
23 ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច
24 ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ដូច្នេះបណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។
25 បន្ទាប់មក លោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុសដើម្បីរកលោកសុល។
26 ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
27 នៅគ្រានោះ មានពួកអ្នកនាំព្រះបន្ទូលខ្លះបានធ្វើដំណើរចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។
28 ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយប្រកាសដោយព្រះវិញ្ញាណថា នឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូល គ្រោះអត់ឃ្លាននេះក៏កើតឡើងមែនក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។