កិច្ចការ 13:1-7 KCB

1 នៅ​ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​គ្រូ​បង្រៀន​ គឺ​មាន​លោក​បារណាបាស​ លោក​ស៊ីម្មាន​ដែល​ហៅ​ថា​នីគើរ​ លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​ លោក​សុល​ និង​លោក​ម៉ាណាអេន​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ ជា​ស្ដេច​ត្រាញ់។​

2 ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​

3 បន្ទាប់ពី​បាន​តម​អាហារ​ អធិស្ឋាន​ និង​ដាក់​ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ​ ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ចេញ​ទៅ។​

4 ដូច្នេះ​ពួកគាត់​ក៏​ចេញ​ទៅ​តាម​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ​ ហើយ​ក៏​ចុះ​ទៅ​ក្រុង​សេលើស៊ា​ រួច​បាន​ចេញ​ពី​ក្រុង​នោះ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស​

5 ពេល​ទៅ​ដល់​ក្រុង​សាឡាមីន​ ពួក​គាត់​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ព្រមទាំង​មាន​លោក​យ៉ូហាន​ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។​

6 ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល​រហូត​ដល់​ក្រុង​ប៉ាផុស​ ពួកគាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​

7 ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​ និង​លោក​សុល​ឲ្យ​មក​ជួប​ ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​