1 នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក
2 ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។
3 ទោះជាយ៉ាងណាក្ដី ពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃ ទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានទីសំគាល់ និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។
4 ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
5 កាលពួកជនជាតិយូដា និងពួកសាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាប និងគប់ពួកគាត់នឹងដុំថ្ម
6 ពេលពួកគាត់ដឹង ក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនា ដូចជាក្រុងលីស្ត្រា ក្រុងឌើបេ និងតំបន់ជុំវិញ
7 ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។