16 កាលពីជំនាន់មុន ព្រះអង្គបានបណ្ដោយឲ្យជនជាតិទាំងអស់ ទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួន
17 ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
18 ក្រោយពីនិយាយសេចក្ដីទាំងនេះរួចហើយ ពួកគាត់ក៏បញ្ឈប់បណ្ដាជនមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់យ៉ាងពិបាក។
19 ពេលនោះពួកជនជាតិយូដាដែលមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្ដាជន ហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មកពួកគេក៏អូសគាត់យកចេញទៅក្រៅក្រុង ព្រោះស្មានថា គាត់ស្លាប់ហើយ
20 ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។
21 ក្រោយពីពួកគាត់បានប្រកាសដំណឹងល្អនៅក្រុងនោះ និងបានបង្កើតសិស្សជាច្រើនរួចហើយ ពួកគាត់ក៏ត្រលប់ទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ
22 ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។