1 នៅពេលនោះ មានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។
2 ដូច្នេះ ក្រោយពីលោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះ ព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមក ពួកបងប្អូនក៏ចាត់លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីក្នុងចំណោមពួកគេឲ្យឡើងទៅក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំអំពីរឿងនេះ។
3 ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
4 ពេលមកដល់ក្រុងយេរូសាឡិម ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំបានស្វាគមន៍ពួកគាត់ ហើយពួកគាត់ក៏រៀបរាប់ប្រាប់ពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់
5 នោះមានអ្នកខ្លះពីខាងគណៈផារិស៊ី ដែលជឿបានក្រោកឈរឡើងនិយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេ និងបង្គាប់ពួកគេឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។
6 បន្ទាប់មក ពួកសាវក និងពួកចាស់ទុំបានជួបជុំគ្នាដើម្បីពិចារណាអំពីបញ្ហានេះ។