1 លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក
2 សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម
3 លោកប៉ូលចង់យកធីម៉ូថេទៅជាមួយដែរ ដូច្នេះក៏យកគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះតែពួកជនជាតិយូដាដែលនៅកន្លែងទាំងនោះ ដ្បិតពួកគេគ្រប់គ្នាដឹងថា ឪពុកគាត់ជាជនជាតិក្រេក។
4 នៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ក្រុងនានា ពួកគាត់បានប្រគល់សេចក្ដីបង្គាប់ដែលពួកសាវក និងពួកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម
5 ដូច្នេះ ក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។
6 ដោយសារព្រះវិញ្ញាណបរិសុទ្ធឃាត់ពួកគាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកព្រីគា និងស្រុកកាឡាទី
7 ពេលមកដល់ស្រុកមីស៊ា ពួកគាត់ព្យាយាមចូលទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូមិនអនុញ្ញាតឲ្យពួកគាត់ចូលទេ