19 ហើយពេលពួកម្ចាស់របស់នាងឃើញថា គ្មានសង្ឃឹមរកកម្រៃបានទៀត ពួកគេក៏ចាប់លោកប៉ូល និងលោកស៊ីឡាសយកទៅដាក់នៅចំពោះមុខពួកអាជ្ញាធរក្នុងទីប្រជុំជន។
20 កាលនាំពួកគាត់ទៅជួបពួកមន្ដ្រីគ្រប់គ្រងក្រុងហើយ ពួកគេក៏ប្រាប់ថា៖ «អ្នកទាំងនេះជាជនជាតិយូដា ហើយពួកគេកំពុងបង្កចលាចលនៅក្នុងក្រុងរបស់យើង
21 គឺពួកគេកំពុងប្រកាសអំពីទំនៀមទម្លាប់ដែលច្បាប់មិនអនុញ្ញាតឲ្យយើងជាជនជាតិរ៉ូមទទួលយក ឬធ្វើតាមឡើយ»
22 ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ ហើយពួកមន្ដ្រីគ្រប់គ្រងក្រុងបានកន្ដ្រាក់ហែកសម្លៀកបំពាក់ពួកគាត់ រួចបញ្ជាឲ្យវាយពួកគាត់នឹងរំពាត់
23 ក្រោយពីវាយជាច្រើនរំពាត់មក ពួកគេក៏យកពួកគាត់ទៅដាក់គុក ទាំងបញ្ជាឲ្យឆ្មាំគុកយាមពួកគាត់យ៉ាងប្រុងប្រយ័ត្ន។
24 ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។
25 នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ