24 ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។
25 នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ
26 ស្រាប់តែមានការរញ្ជួយដីជាខ្លាំងបណ្ដាលឲ្យគ្រឹះគុករង្គើ ហើយទ្វារគុកទាំងឡាយក៏របើកភ្លាម ឯច្រវាក់ដែលគេដាក់អ្នកទោសគ្រប់គ្នាបានរបើកឡើង។
27 ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកទាំងឡាយចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងសម្លាប់ខ្លួន ដោយស្មានថាអ្នកទោសរត់អស់ហើយ
28 ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ»
29 ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅខាងក្នុង រួចក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងភ័យញ័រ។
30 ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?»