31 ពួកគាត់ក៏ឆ្លើយថា៖ «ចូរជឿព្រះអម្ចាស់យេស៊ូចុះ នោះអ្នក ព្រមទាំងគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ»។
32 បន្ទាប់មកពួកគាត់ក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់ឆ្មាំគុកនោះ ព្រមទាំងអ្នកទាំងឡាយនៅក្នុងផ្ទះរបស់គាត់ផង។
33 នៅវេលាយប់ដដែលនោះ ក្រោយពេលយកពួកគាត់ទៅលាងរបួសរួចហើយ ឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលក៏ទទួលពិធីជ្រមុជទឹកភ្លាម។
34 បន្ទាប់មក ឆ្មាំគុកបាននាំពួកគាត់ចូលទៅក្នុងផ្ទះ និងបានរៀបចំអាហារឲ្យពួកគាត់ ហើយឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលអរសប្បាយណាស់ ដោយបានជឿព្រះជាម្ចាស់។
35 លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ»
36 ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះ ឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
37 ពេលនោះលោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះ តើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។