8 ពួកជនជាតិយូដាទាំងនោះបានធ្វើឲ្យបណ្ដាជន និងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។
9 ពេលពួកគេយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកផ្សេងទៀតរួចហើយ ពួកគេក៏ដោះលែងអ្នកទាំងនោះ។
10 រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
11 ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។
12 ដូច្នេះហើយ ពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្ដ្រីជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ
13 ប៉ុន្ដែពេលជនជាតិយូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរ នោះពួកគេក៏មកបំបះបំបោរ និងញុះញង់បណ្ដាជននៅក្រុងនោះឲ្យជ្រួលច្របល់ទៀត
14 ដូច្នេះ ពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។