34 ទោះបីស្ដេចដាវីឌមិនបានឡើងទៅស្ថានសួគ៌ក៏ដោយ ក៏ស្ដេចបានថ្លែងថា ព្រះអម្ចាស់មានបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
35 រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់ជើងរបស់អ្នក។
36 ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងអស់បានដឹងជាប្រាកដចុះថា ព្រះជាម្ចាស់បានតាំងព្រះយេស៊ូ ដែលអ្នករាល់គ្នាបានឆ្កាងនេះឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ»។
37 ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
38 លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
39 ព្រោះសេចក្ដីសន្យានេះសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងសម្រាប់អស់អ្នកនៅឆ្ងាយ គឺអស់អ្នកដែលព្រះអម្ចាស់ជាព្រះរបស់យើងបានត្រាស់ហៅមកឯព្រះអង្គផ្ទាល់»។
40 លោកពេត្រុសបានធ្វើបន្ទាល់ដោយពាក្យសំដីជាច្រើនទៀត ទាំងដាស់តឿនពួកគេ ដោយនិយាយថា៖ «ចូរអ្នករាល់គ្នាសង្គ្រោះខ្លួនឲ្យរួចពីជំនាន់វៀចវេរនេះចុះ»។