14 ពេលគាត់បានជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។
15 នៅថ្ងៃបន្ទាប់ យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូស ថ្ងៃបន្ទាប់ទៀត យើងក៏ឆ្លងមកដល់កោះសាម៉ុស ហើយថ្ងៃបន្ទាប់មកទៀត យើងបានមកដល់ក្រុងមីលេត។
16 ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
17 ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។
18 កាលពួកគេមកជួបគាត់ហើយ គាត់ក៏ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពីរបៀបដែលខ្ញុំបាននៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូង ដែលខ្ញុំបានចូលមកស្រុកអាស៊ី
19 គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួន ដោយទឹកភ្នែក និងដោយសេចក្ដីវេទនាគ្រប់បែបយ៉ាងដែលកើតមានចំពោះខ្ញុំ ដោយសារបំណងអាក្រក់របស់ជនជាតិយូដា
20 ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាមិនដែលលាក់លៀមឡើយអំពីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នា គឺបានបង្រៀនដល់អ្នករាល់គ្នានៅតាមទីសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ