14 ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
15 ប៉ុន្មានថ្ងៃក្រោយមក យើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម
16 ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។
17 កាលយើងមកដល់ក្រុងយេរូសាឡិមហើយ ពួកបងប្អូនបានស្វាគមន៍យើងយ៉ាងរីករាយ។
18 នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។
19 បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។
20 ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា