20 ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា
21 ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
22 បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ
23 ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់
24 គឺសូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផង ដើម្បីឲ្យគ្រប់គ្នាដឹងថា សេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេ គឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ
25 រីឯសាសន៍ដទៃទាំងឡាយដែលបានជឿនោះ យើងបានសរសេរសេចក្ដីសម្រេចរបស់យើងផ្ញើទៅពួកគេរួចហើយ គឺឲ្យពួកគេចៀសវាងការបរិភោគសំណែនដល់រូបព្រះ ឈាម សាច់សត្វដែលគេច្របាច់ក និងអំពើអសីលធម៌ខាងផ្លូវភេទ»។
26 ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ