20 ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។
21 ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
22 ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ»
23 ហើយពេលពួកគេកំពុងស្រែក ទាំងគ្រវែងសម្លៀកបំពាក់ចោល និងបាចធូលីដីទៅលើអាកាស
24 មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ
25 ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
26 ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម»