10 លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយ លោកប៉ូលក៏និយាយថា៖ «ដោយដឹងថា លោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។
11 លោកអាចដឹងបានថា តាំងពីពេលដែលខ្ញុំបានឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិមមក នោះមានរយៈពេលមិនលើសពីដប់ពីរថ្ងៃទេ
12 ហើយពួកគេមិនបានឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុងព្រះវិហារ ឬបង្កចលាចលដល់បណ្ដាជនឡើយ ទាំងនៅក្នុងសាលាប្រជុំ ឬនៅក្នុងក្រុងក្ដី
13 ពួកគេក៏មិនអាចបង្ហាញភស្ដុតាងដល់លោកអំពីករណីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ
14 ប៉ុន្តែ ខ្ញុំសូមប្រាប់លោកអំពីការនេះតាមត្រង់ថា យោងតាមមាគ៌ាដែលពួកគេហៅថាគណៈខុសឆ្គងនោះ គឺខ្ញុំបានបម្រើព្រះនៃដូនតារបស់យើង ព្រមទាំងជឿសេចក្ដីទាំងឡាយស្របតាមគម្ពីរវិន័យ និងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូល
15 ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។
16 ដោយហេតុនេះហើយបានជាខ្ញុំផ្ទាល់តែងតែខំប្រឹងឲ្យមានមនសិការឥតបន្ទោសបាន ទាំងនៅចំពោះព្រះជាម្ចាស់ និងមនុស្សទាំងឡាយជានិច្ច