15 ពេលពួកបងប្អូនទាំងនោះឮដំណឹងអំពីយើង ពួកគេក៏មករហូតដល់ផ្សារអាប់ភាស និងផ្ទះសំណាក់បីខ្នង ដើម្បីជួបយើង ហើយពេលលោកប៉ូលជួបពួកគេ គាត់ក៏អរព្រះគុណព្រះជាម្ចាស់ ទាំងមានទឹកចិត្ដឡើងវិញ។
16 ពេលយើងចូលទៅក្នុងក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។
17 បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។
18 រីឯពួកជនជាតិរ៉ូម ពេលបានសាកសួរខ្ញុំរួចហើយ ក៏ចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសសមនឹងស្លាប់ទេ
19 ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះ ខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ
20 ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»
21 ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នកពីស្រុកយូដាទេ ហើយក៏គ្មានបងប្អូនណាម្នាក់មកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីអ្នកដែរ