11 កាលគាត់កំពុងកៀកដៃជាមួយលោកពេត្រុស និងលោកយ៉ូហាន នោះបណ្ដាជនទាំងអស់ក៏រត់មកឯពួកគេនៅត្រង់សាលាសំណាក់មួយដែលហៅថា សាលាសំណាក់សាឡូម៉ូន ទាំងស្ញប់ស្ញែងយ៉ាងខ្លាំង។
12 ពេលលោកពេត្រុសឃើញដូច្នេះ គាត់ក៏និយាយទៅបណ្ដាជនទាំងនោះថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានឹកអស្ចារ្យចំពោះហេតុការណ៍នេះដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលយើង ហាក់បីដូចជាយើងបានធ្វើឲ្យបុរសនេះដើរបានដោយសារអំណាចរបស់យើងផ្ទាល់ ឬដោយសារយើងគោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ?
13 ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
14 អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ
15 អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
16 ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។
17 ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។