17 ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។
18 ប៉ុន្ដែសេចក្ដីដែលព្រះជាម្ចាស់បានប្រកាសប្រាប់ជាមុន តាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលទាំងឡាយថា ព្រះគ្រិស្ដរបស់ព្រះជាម្ចាស់ត្រូវរងទុក្ខវេទនា នោះព្រះជាម្ចាស់បានសម្រេចការនេះតាមរបៀបនេះឯង។
19 ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
20 និងដើម្បីឲ្យមានពេលល្ហែល្ហើយដែលមកពីព្រះវត្ដមានរបស់ព្រះអម្ចាស់ ព្រមទាំងដើម្បីឲ្យព្រះអង្គចាត់ព្រះយេស៊ូមកជាមុន ជាព្រះគ្រិស្ដដែលព្រះអង្គបានជ្រើសរើសទុកមកឯអ្នករាល់គ្នា
21 ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។
22 លោកម៉ូសេបានថ្លែងទុកថា ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នករាល់គ្នានឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដែលដូចជាខ្ញុំដែរ ពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នាស្ដាប់តាមលោកគ្រប់សេចក្ដីទាំងអស់ ដែលលោកនិយាយប្រាប់អ្នករាល់គ្នាចុះ
23 រីឯអ្នកណាដែលមិនព្រមស្ដាប់តាមអ្នកនាំព្រះបន្ទូល នោះគេនឹងវិនាសបាត់ពីក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះជាម្ចាស់