34 ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។
35 បន្ទាប់មក គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ
36 ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់
37 បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយ ក៏ខ្ចាត់ខ្ចាយអស់ដែរ
38 ដូច្នេះក្នុងករណីនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ហើយបណ្ដោយតាមពួកគេចុះ ព្រោះបើគម្រោងការ ឬសកម្មភាពនេះជារបស់មនុស្ស នោះនឹងត្រូវវិនាសមិនខាន
39 ផ្ទុយទៅវិញ បើការនេះមកពីព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចធ្វើឲ្យពួកគេវិនាសបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នានឹងក្លាយជាអ្នកតតាំងនឹងព្រះជាម្ចាស់ទៀតផង»។ ពួកគេក៏យល់ព្រមតាមសំដីរបស់គាត់
40 បន្ទាប់មក ពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញ និងបានវាយអ្នកទាំងនោះ ទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយ រួចពួកគេក៏ដោះលែងពួកសាវក។