1 នៅគ្រានោះ ពេលពួកសិស្សកំពុងកើនចំនួនឡើង នោះពួកជនជាតិយូដាដែលនិយាយភាសាក្រេកបាននិយាយរអ៊ូរទាំចំពោះជនជាតិយូដាដែលនិយាយភាសាហេព្រើរថា ការចែកអាហារប្រចាំថ្ងៃដល់ពួកស្ដ្រីមេម៉ាយរបស់ពួកគេមិនបានដិតដល់ទេ។
2 ពេលនោះពួកសាវកទាំងដប់ពីរបានហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនស័ក្ដិសមទេដែលឲ្យយើងឈប់រវីរវល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុនោះ
3 ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមានកេរ្ដិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាមក នោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ
4 រីឯយើងវិញ យើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាន និងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!»
5 អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើនេះណាស់ ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផាន ជាអ្នកដែលពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាសជាអ្នកចូលសាសនាយូដាមកពីក្រុងអាន់ទីយ៉ូក។
6 ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។
7 ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើង ហើយចំនួនសិស្សនៅក្រុងយេរូសាឡិម ក៏កើនឡើងយ៉ាងច្រើន ឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ!