5 អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើនេះណាស់ ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផាន ជាអ្នកដែលពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាសជាអ្នកចូលសាសនាយូដាមកពីក្រុងអាន់ទីយ៉ូក។
6 ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។
7 ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើង ហើយចំនួនសិស្សនៅក្រុងយេរូសាឡិម ក៏កើនឡើងយ៉ាងច្រើន ឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ!
8 រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន
9 នៅពេលនោះមានមនុស្សខ្លះមកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាព ដែលមានពួកអ្នកក្រុងគីរេន ពួកអ្នកក្រុងអ័លេក្សានទ្រា និងអ្នកខ្លះមកពីស្រុកគីលីគា និងស្រុកអាស៊ីបានសួរដេញដោលលោកស្ទេផាន
10 ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញា និងព្រះវិញ្ញាណនោះបានទេ
11 ដូច្នេះ ពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេ និងព្រះជាម្ចាស់!»