29 ពេលឮសំដីដូច្នេះ លោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌាន ហើយរស់នៅជាជនបរទេសនៅស្រុកនោះ គាត់បង្កើតបានកូនប្រុសពីរនាក់។
30 សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។
31 ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា
32 យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
33 ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34 យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។
35 លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។