33 ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34 យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។
35 លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។
36 លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានានៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។
37 លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។
38 លោកម៉ូសេនេះហើយដែលបាននៅក្នុងចំណោមពួកអ្នកនៅទីរហោឋានជាមួយដូនតារបស់យើង និងទេវតាដែលបានថ្លែងព្រះបន្ទូលដល់គាត់នៅលើភ្នំស៊ីណាយ ហើយគាត់បានទទួលព្រះបន្ទូលដ៏មានជីវិតមកប្រគល់ឲ្យយើងរាល់គ្នា។
39 ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ ផ្ទុយទៅវិញពួកគេបានច្រានគាត់ចោល ហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុកអេស៊ីព្ទវិញ