កិច្ចការ 9:26-32 KCB

26 ពេល​គាត់​មក​ដល់​ក្រុង​យេរូសាឡិម​វិញ​ គាត់​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស​ ប៉ុន្ដែ​ពួកគេ​ទាំង​អស់​គ្នា​ខ្លាច​គាត់​ ដោយ​មិន​ជឿ​ថា​ គាត់​ជា​សិស្ស​ទេ។​

27 នៅ​ពេល​នោះ​ លោក​បារណាបាស​បាន​ទទួល​គាត់​ ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​ និង​រៀបរាប់​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ដែល​លោក​សុល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ​ ការ​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​កាន់​គាត់​ និង​ការ​ដែល​គាត់​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ក្រុង​ដាម៉ាស់។​

28 លោក​សុល​ក៏​នៅ​ជាមួយ​ពួក​សាវក​ និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម​ ទាំង​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។​

29 គាត់​បាន​ប្រកាស​ និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​

30 ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​

31 ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​

32 រីឯ​លោក​ពេត្រុស​វិញ​ នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​អស់​នោះ​ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។​