29 គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់
30 ហើយពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេក៏នាំគាត់ចុះទៅក្រុងសេសារា បន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។
31 ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
32 រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។
33 នៅទីនោះ គាត់បានជួបបុរសម្នាក់ឈ្មោះ អេនាស ដែលស្លាប់ដៃជើង ដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
34 លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។
35 មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដា និងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះ ក៏ប្រែចិត្តមកឯព្រះអម្ចាស់។