4 ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។
5 ចូរអ្នករាល់គ្នាល្បងខ្លួនឯងទៅ តើអ្នករាល់គ្នាមានជំនឿដែរឬទេ? ចូរពិសោធខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាទេឬ? លើកលែងតែអ្នករាល់គ្នាត្រូវបានបដិសេធចោលប៉ុណ្ណោះ
6 ប៉ុន្ដែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងមិនត្រូវបានបដិសេធចោលឡើយ។
7 ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ
8 ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានទេ គឺធ្វើដើម្បីសេចក្ដីពិត
9 ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
10 ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។