1 ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្ដីចម្កួតបន្ដិចបន្ដួចរបស់ខ្ញុំនេះ គឺអ្នករាល់គ្នាកំពុងទ្រាំនឹងខ្ញុំស្រាប់ហើយ
2 ដ្បិតខ្ញុំប្រច័ណ្ឌនឹងអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាភ្ជាប់ពាក្យនឹងបុរសតែម្នាក់គត់ ទុកជាក្រមុំបរិសុទ្ធសម្រាប់ថ្វាយដល់ព្រះគ្រិស្ដ
3 ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។
4 ដ្បិតបើមានអ្នកណាម្នាក់មកប្រកាសអំពីព្រះយេស៊ូមួយទៀតដែលយើងមិនបានប្រកាស ឬឲ្យអ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល ឬឲ្យទទួលដំណឹងល្អផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល នោះអ្នករាល់គ្នាទ្រាំបានយ៉ាងងាយ។
5 ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាងពួកកំពូលសាវកទាំងនោះទេ
6 ដ្បិតទោះបីខ្ញុំមិនពូកែខាងសំដីមែន ប៉ុន្ដែមិនមែនខាងចំណេះដឹងទេ ផ្ទុយទៅវិញ យើងបានបង្ហាញឲ្យអ្នករាល់គ្នាឃើញគ្រប់បែបយ៉ាងនៅក្នុងគ្រប់ការទាំងអស់
7 ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ?
8 ខ្ញុំបានប្លន់ក្រុមជំនុំផ្សេងៗដោយយកថ្លៃឈ្នួលដើម្បីឧបត្ថម្ភអ្នករាល់គ្នា
9 ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។
10 ដោយសេចក្ដីពិតរបស់ព្រះគ្រិស្ដដែលនៅក្នុងខ្ញុំ មោទនៈភាពរបស់ខ្ញុំនេះនឹងមិនត្រូវស្ងប់នៅក្នុងតំបន់នៃស្រុកអាខៃឡើយ។
11 ហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជាម្ចាស់ជ្រាបហើយ
12 ដូច្នេះ ខ្ញុំនឹងបន្ដធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បីដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថាខ្លួនស្មើនឹងយើងនៅក្នុងចំណុចដែលពួកគេអួតនោះ។
13 ដ្បិតពួកមនុស្សបែបនេះជាពួកសាវកក្លែងក្លាយ ជាពួកអ្នកធ្វើការឆបោកដែលក្លែងខ្លួនជាសាវករបស់ព្រះគ្រិស្ដ
14 ប៉ុន្ដែកុំឆ្ងល់ឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនជាទេវតានៃពន្លឺដែរ
15 ដូច្នេះ មិនមែនជារឿងធំអ្វីទេ បើអ្នកបម្រើរបស់វាក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតនោះ ឯទីបញ្ចប់របស់ពួកវានឹងទៅតាមកិច្ចការរបស់ពួកវា។
16 ខ្ញុំប្រាប់ម្ដងទៀតថា កុំឲ្យអ្នកណាម្នាក់គិតថា ខ្ញុំជាមនុស្សល្ងង់ឡើយ ប៉ុន្ដែបើដូច្នោះមែន ចូរទទួលខ្ញុំដូចជាមនុស្សល្ងង់ចុះ ដើម្បីឲ្យខ្ញុំបានអួតបន្ដិច
17 អ្វីដែលខ្ញុំនិយាយនេះមិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺតាមសេចក្ដីចម្កួតដែលទុកចិត្ដលើការអួតអាង
18 ដ្បិតមានមនុស្សជាច្រើនអួតខ្លួនទៅតាមសាច់ឈាម ដូច្នេះខ្ញុំនឹងអួតដែរ
19 ព្រោះអ្នករាល់គ្នាឆ្លាតដែលទ្រាំនឹងពួកមនុស្សល្ងង់ដោយពេញចិត្ដ
20 ទោះបីមានអ្នកណាម្នាក់យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំដែរ
21 ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថា យើងខ្សោយណាស់ចំពោះសេចក្ដីទាំងនេះ បើអ្នកណាហ៊ានអួតអំពីអ្វីមួយ នោះខ្ញុំនិយាយដោយសេចក្ដីចម្កួតថា ខ្ញុំក៏ហ៊ានដែរ។
22 តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជនជាតិអ៊ីស្រាអែលដែរ។ តើពួកគេជាពូជពង្សលោកអ័ប្រាហាំឬ? ខ្ញុំក៏ពូជពង្សលោកអ័ប្រាហាំដែរ។
23 តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
24 ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ
25 ខ្ញុំត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់នឹងដុំថ្មមួយដង លិចសំពៅបីដង រសាត់នៅមហាសមុទ្រអស់មួយថ្ងៃមួយយប់
26 ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ
27 ទាំងមានការនឿយហត់ និងលំបាក អត់ងងុយជាញឹកញាប់ ស្រេកឃ្លាន តមអាហារជាញឹកញាប់ រងា និងនៅអាក្រាតទៀតផង។
28 ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់
29 បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ?
30 បើខ្ញុំត្រូវអួត ខ្ញុំនឹងអួតពីភាពកម្សោយរបស់ខ្ញុំ
31 ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
32 នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ
33 ប៉ុន្ដែមានគេដាក់ខ្ញុំនៅក្នុងកញ្ជើ រួចសម្រូតចុះតាមបង្អួចកំផែង ហើយខ្ញុំក៏បានរួចផុតពីដៃរបស់គាត់។