1 ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់
2 ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
3 ហើយខ្ញុំដឹងទៀតថា មនុស្សបែបនេះ (ទោះបីគាត់ទៅ ទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
4 ត្រូវបានឆក់យកទៅស្ថានសួគ៌ ហើយបានឮពាក្យដែលមិនអាចបរិយាយបាន ក៏មិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។
5 ខ្ញុំនឹងអួតអំពីមនុស្សបែបនេះ ប៉ុន្ដែចំពោះខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពកម្សោយរបស់ខ្ញុំ
6 ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ
7 និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែងនេះ។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក ទើបខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់របស់ខ្ញុំ ជាទេវតារបស់អារក្សសាតាំងដែលវាយខ្ញុំ គឺដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក។
8 ចំពោះសេចក្ដីនេះ ខ្ញុំបានសូមអង្វរព្រះអម្ចាស់បីដងមកហើយ ដើម្បីដកវាចេញពីខ្ញុំ
9 ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងនឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ
10 ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។
11 ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើងពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវកទាំងនោះដែរ។
12 មានទីសំគាល់ច្បាស់អំពីមុខងារជាសាវករបស់ខ្ញុំដែលបានបង្ហាញនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង តាមរយៈទីសំគាល់ ព្រមទាំងការអស្ចារ្យ និងកិច្ចការដ៏មានអំណាចទាំងឡាយ។
13 តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំចំពោះកំហុសនេះផង។
14 មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្ដាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។
15 រីឯខ្ញុំវិញ ដើម្បីព្រលឹងរបស់អ្នករាល់គ្នា ខ្ញុំនឹងចំណាយទ្រព្យដោយអំណរបំផុត សូម្បីតែត្រូវចំណាយខ្លួនខ្ញុំឲ្យអស់ក្ដី បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងៗ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅៗឬ?
16 ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេក៏ដោយ ប៉ុន្ដែគេថា ខ្ញុំជាមនុស្សមានល្បិចបោកប្រាស់យកពីអ្នករាល់គ្នា
17 តើខ្ញុំបានបោកប្រាស់អ្នករាល់គ្នាតាមរយៈអ្នកណាម្នាក់ដែលខ្ញុំបានចាត់ឲ្យមកឯអ្នករាល់គ្នាដែរឬអត់?
18 ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគ្នា តើលោកទីតុសបានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ?
19 អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះគឺសម្រាប់ស្អាងចិត្ដអ្នករាល់គ្នាទេ។
20 ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ
21 ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។