1 ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
2 ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
3 បើដំណឹងល្អរបស់យើងត្រូវបានលាក់បាំងមែន នោះគឺត្រូវបានលាក់បាំងនៅក្នុងចំណោមពួកអ្នកដែលកំពុងវិនាស
4 ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
5 ព្រោះយើងមិនប្រកាសអំពីខ្លួនយើងទេ គឺអំពីព្រះយេស៊ូគ្រិស្ដដ៏ជាព្រះអម្ចាស់វិញ ហើយដោយព្រោះព្រះយេស៊ូ ខ្លួនយើងត្រលប់ជាបាវបម្រើអ្នករាល់គ្នា
6 ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។