7 មិនត្រឹមតែតាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះ ធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។
8 បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ
9 ឥឡូវនេះ ខ្ញុំត្រេកអរណាស់ ប៉ុន្ដែមិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដរហូតដល់មានការប្រែចិត្ដ ដ្បិតអ្នករាល់គ្នាព្រួយចិត្ដស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះអ្នករាល់គ្នាមិនបានទទួលការខាតបង់អ្វីមួយដោយសារយើងទេ
10 ព្រោះការព្រួយចិត្ដដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើឲ្យមានការប្រែចិត្តដែលនាំទៅឯសេចក្ដីសង្គ្រោះ នោះមិនគួរស្ដាយក្រោយឡើយ ប៉ុន្ដែការព្រួយចិត្ដរបស់លោកិយវិញ ធ្វើឲ្យមានសេចក្ដីស្លាប់
11 ដ្បិតមើល៍ ការព្រួយចិត្ដបែបនេះដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានធ្វើឲ្យអ្នករាល់គ្នាឧស្សាហ៍ មានការការពារខ្លួន ការឈឺចិត្ដ ការភ័យខ្លាច ការទន្ទឹងមើលផ្លូវ ភាពប្ដូរផ្ដាច់ និងយុត្ដិធម៌! ដូច្នេះ ចំពោះបញ្ហានេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនបរិសុទ្ធក្នុងគ្រប់ការទាំងអស់។
12 ទោះបីខ្ញុំបានសរសេរមកអ្នករាល់គ្នាមែនក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬអ្នកដែលត្រូវគេធ្វើខុសលើនោះដែរ ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញពីសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដែលមានចំពោះយើងនៅចំពោះព្រះជាម្ចាស់
13 ដោយព្រោះការនេះ យើងត្រូវបានកម្សាន្ដចិត្ដ ប៉ុន្ដែលើសពីការកម្សាន្ដចិត្ដនេះ យើងកាន់តែត្រេកអរថែមទៀតចំពោះអំណររបស់លោកទីតុស ដ្បិតអ្នកទាំងអស់គ្នាបានធ្វើឲ្យវិញ្ញាណរបស់គាត់ធូរស្បើយ។