នេហេ‌មា 12:41-47 KHSV

41 រួម​ទាំង​លោក​បូជា‌ចារ្យ​អេលា‌គីម ម៉ាសេ‌យ៉ា មិនយ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាកា‌រី ហាណា‌នា ដែល​ជា​អ្នក​ផ្លុំ​ត្រែ

42 ហើយ​ក៏​មាន​លោក​ម៉ាសេ‌យ៉ា លោក​សេម៉ាយ៉ា លោក​អេ‌ឡា‌សារ លោក​អ៊ូស៊ី លោក​យ៉ូហាណាន លោក​ម៉ាល‌គា លោក​អេឡាំ និង​លោក​អេ‌ស៊ើរ។ ពេល​នោះ ក្រុម​ចម្រៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីស‌រ៉ាហ៊ា។

43 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ថ្វាយ​យញ្ញ‌បូជា​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​មាន​អំណរ​ដ៏​លើស‌លប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីក‌រាយ​ដែរ សម្រែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។

44 នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​តាំង​មនុស្ស​ឲ្យ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគ‌ផល ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​តង្វាយ​ផល​ដំបូង ឬ​តង្វាយ​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារ‌កិច្ច​ប្រមូល​ភោគ‌ផល​ពី​ស្រែ​ចម្ការ​នៅ​ជុំ‌វិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដ្បិត​ប្រជា‌ជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន

45 គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​ព្រះ​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ​ព្រះ‌ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចែង​ទុក។

46 កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចម្រៀង​ដឹក​នាំ​ក្រុម​ចម្រៀង ច្រៀង​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។

47 នៅ​ជំនាន់​លោក​សូរ៉ូ‌បាបិល និង​ជំនាន់​លោក​នេហេមា ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ។