1 អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិតព្រមទាំងដេកសញ្ជឹងគិតរកឧបាយកលលុះព្រឹកឡើងប្រើអំណាចរបស់ខ្លួនសម្រេចតាមគម្រោងការនេះមុខជាត្រូវវេទនាពុំខាន!
2 បើគេប៉ុនប៉ងចង់បានស្រែចម្ការណាគេដណ្ដើមយកស្រែចម្ការនោះបើគេប៉ុនប៉ងចង់បានផ្ទះណាគេរឹបអូសយកផ្ទះនោះគេប្លន់ម្ចាស់ផ្ទះ និងគ្រួសារហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
3 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងកំពុងតែរៀបផែនការដាក់ទោសមនុស្សប្រភេទនេះ។ខ្មាំងនឹងជាន់កអ្នករាល់គ្នាអ្នករាល់គ្នានឹងដើរអោនមុខដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
4 នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នកទៅសើចលេងហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា:“ពួកយើងបាត់បង់អ្វីៗទាំងអស់!ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង!បច្ចាមិត្តដេញពួកយើងចេញពីស្រុករួចយកទឹកដីចែកគ្នា!”»។
5 ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់បែងចែកដីគ្នាគ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។
6 មានអ្នកខ្លះពោលថា:“កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ!កុំពោលថា ពួកយើងគេចមិនផុតពីភាពអាម៉ាស់នោះឡើយ!
7 តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ?តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ?ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ខ្ញុំនិយាយតែពាក្យល្អចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។
8 «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវនឹងប្រជារាស្ត្ររបស់យើងអ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែលត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។
9 អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើងចេញពីផ្ទះដែលនាងស្រឡាញ់។រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យកូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេរហូតតទៅដែរ។
10 ចូរក្រោកឡើង នាំគ្នាដើរចេញទៅ!ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ!អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យកើតមហន្តរាយយ៉ាងខ្លោចផ្សា។
11 អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយដែលប្រសប់និយាយកុហកបោកប្រាស់ថា“បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំងឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!”អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹងប្រជារាស្ត្រនេះណាស់!»។
12 «កូនចៅយ៉ាកុបអើយយើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយយើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញដូចចៀមស្ថិតនៅក្នុងក្រោលតែមួយនិងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញនៅក្នុងស្រុករបស់អ្នករាល់គ្នា»។
13 អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នាគេទម្លុះកំពែងក្រុងឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ស្ដេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នាដោយមានព្រះអម្ចាស់យាងនៅមុខគេបង្អស់។