មីកា 4 KHSV

ព្រះ‌អម្ចាស់​នឹង​ស្ដារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ

1 ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក​ភ្នំដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅជា​ហូរ‌ហែ។

2 ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់លោក​យ៉ាកុប។ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះ‌អង្គហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូនហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

3 ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាងជាតិ​សាសន៍​ដ៏​ច្រើនព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួនមក​ដំ​ធ្វើ​ជា​ផាល​នង្គ័លហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀតហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។

4 មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្តក្រោម​ម្លប់​ដើម​ទំពាំង‌បាយជូរនិង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

5 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាមព្រះ​របស់​គេ​រៀងៗ​ខ្លួនរីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។

6 «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួសដែល​ដើរ​ពុំ​រួចយើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែលយើង​បាន​ធ្វើ​ទោស»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

7 «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួចក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេនៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។

8 រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយអ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាមនិង​ជា​បន្ទាយ​ដ៏​រឹង‌មាំអ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើមយេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។

ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​ឈឺ​ចាប់

9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ?តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ?តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?

10 ក្រុង​ស៊ីយ៉ូន​អើយចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរដូច​ស្ត្រី​សម្រាល​កូន​ទៅ!ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុងទៅ​រស់​នៅ​តាម​ស្រែ​ចម្ការអ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។នៅ​ទី​នេះ ព្រះ‌អម្ចាស់​នឹង​រំដោះ​អ្នកព្រះ‌អង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។

11 ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើនលើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា:“សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយសដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។

12 ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫទ័យរបស់​ព្រះ‌អម្ចាស់​ទេហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដែរព្រះ‌អង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវនៅ​ក្នុង​លាន​បោក​បែន។

13 «ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយចូរ​ក្រោក​ឡើង ជាន់​កម្ទេច​ពួក​គេ​ទៅ!យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លាដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែកក្រចក​ជើង​ធ្វើ​ពី​លង្ហិនអ្នក​នឹង​ជាន់​កម្ទេច​ជាតិ​សាសន៍​ដ៏​ច្រើនដូច​គេ​បញ្ជាន់​ស្រូវហើយ​ញែក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើងដែល​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

14 ឥឡូវ​នេះ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយចូរ​អារ​សាច់​របស់​ខ្លួន​ទៅ!ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ពួក​យើង​ហើយគេ​យក​ដំបង​វាយ​ថ្ពាល់​មេ​គ្រប់‌គ្រង​របស់ជន‌ជាតិ​អ៊ីស្រា‌អែល។

ជំពូក

1 2 3 4 5 6 7